Empowering educators with ethical and evidence-based practices
បណ្ដុះបណ្ដាលគ្រូប្រឹក្សាគរុកោសល្យ ដើម្បីកែលម្អគុណភាពសាលារៀនទូទាំងប្រទេស
គោលបំណងសំខាន់របស់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) គឺបណ្តុះ បណ្តាលគ្រូប្រឹក្សា គរុកោសល្យ ដែលនឹងផ្ដល់ការគាំទ្រជាលក្ខណៈបុគ្គល ដល់គ្រូបង្រៀននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
គ្រូប្រឹក្សាគរុកោសល្យដែលបានបណ្តុះបណ្ដាល ភាគច្រើននឹងទៅបម្រើការងារនៅតាមសាលាមធ្យមសិក្សា ចំណេះទូទៅ ហើយគ្រូខ្លះក៏ទៅបម្រើការងារនៅគ្រឹះស្ថានបណ្ដុះបណ្តាលគ្រូផងដែរដូចជានៅវិទ្យាស្ថានជាតិអប់រំ ឬនៅវិទ្យាស្ថានគរុកោសល្យផ្សេងទៀត។
គ្រូប្រឹក្សាគរុកោសល្យ នឹងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ផ្នែកគរុកោសល្យនិងការគាំទ្រផ្នែកអារម្មណ៍ដល់គ្រូបង្រៀន។ គ្រូប្រឹក្សាគរុកោសល្យ មិនដូចជាគ្រូបង្វឹកទេគឺពួកគេមិនបានកំហិតពីដែនកំណត់សកម្មភាពជំនួយបច្ចេកទេសដោយប្រើរយៈពេលខ្លីនោះទេប៉ុន្ដែគ្រូប្រឹក្សាគរុកោសល្យនឹងភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយនឹងគ្រូបង្រៀន។គ្រូបង្រៀន និងគ្រូប្រឹក្សាគរុកោសល្យ ធ្វើការជាមួយគ្នាជាប្រចាំ ដើម្បីបង្កើតសហគមន៍សិក្សារៀនសូត្រពិតប្រាកដ ដោយផ្អែកលើការជឿទុកចិត្ដគ្នាទៅវិញទៅមក។ ពួកគេចូលរួមក្នុងការផ្លាស់ប្ដូរបរិយាកាសសាលារៀននិងបរិយាកាសនៃការសិក្សារៀនសូត្រ តាមរយៈការកែលម្អពីចំណុចតូចៗ ប៉ុន្ដែតាំងចិត្ដបន្ដធ្វើជាប្រចាំ។ ដើម្បីដឹងព័ត៌មានបន្ថែមអំពីការប្រឹក្សាគរុកោសល្យ សូមចូលទៅកាន់តំណភ្ជាប់ (តើអ្វីជាគ្រូប្រឹក្សាគរុកោសល្យ?)
ការដឹកនាំធ្វើការសិក្សាស្រាវជ្រាវគរុកោសល្យ
ដូចឈ្មោះបានបង្ហាញស្រាប់ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ធ្វើការសិក្សាស្រាវជ្រាវទៅលើបញ្ហាប្រឈមផ្នែកគរុកោសល្យ។វាបង្កើតបានជាប្រភពធនធាន(ឯកសារ) សម្រាប់គ្រូបង្រៀនកម្ពុជា ជាភាសាខ្មែរ និងផ្ដល់ជាភស្ថុតាងជាក់លាក់ ដើម្បីកែលម្អគោលនយោបាយសាធារណៈនៅក្នុងវិស័យអប់រំ។
រហូតមកដល់ពេលនេះ គម្រោងសិក្សាស្រាវជ្រាវសំខាន់របស់ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី គឺសិក្សារយៈពេលវែង ដើម្បីធ្វើការវាយតម្លៃពីប្រសិទ្ធភាពនៃការប្រឹក្សាគរុកោសល្យ និងការកែលម្អការអនុវត្ដនោះ។
គម្រោងនេះនឹងជួយផ្ដល់ជាគោលការណ៍ណែនាំ ស្ដីអំពីការប្រឹក្សាគរុកោសល្យ នៅកម្រិតថ្នាក់ជាតិ ក៏ដូចជាបានទទួលនូវមតិយោបល់ត្រឡប់ ក្នុងការកែលម្អកម្មវិធីសិក្សា និងការចុះកម្មសិក្សាប្រតិបត្ដិរបស់មជ្ឈមណ្ឌល។
មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ក៏បានចូលរួមផងដែរក្នុងការស្រាវជ្រាវលើការអប់រំ ឌីជីថល និងការសិក្សាពីចំងាយ ដើម្បីបង្ហាញដល់ក្រសួងអប់រំ យុវជន និងកីឡា លើការខិតខំប្រឹងប្រែងអនុវត្ដយុទ្ធសាស្ត្រនេះ
ក្នុងការបញ្ចៀសការរីករាលដាលនៃជំងឺ កូវីត ១៩។
គ្រូប្រឹក្សាគរុកោសល្យទាំងអស់ ដែលបានបណ្តុះបណ្ដាលនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ទទួលបាននូវការសិក្សាជាភាសាអង់គ្លេស ស្ដីពីវិធីសាស្ត្រក្នុងការសិក្សាស្រាវជ្រាវអប់រំ។វិធីសាស្ត្រនេះនឹងផ្ដល់ឱ្យគ្រូប្រឹក្សាគរុកោសល្យជាមួយនឹងជំនាញចាំបាច់ដើម្បីបង្កើនចំណេះដឹងផ្នែកគរុកោសល្យរបស់ពួកគេ និងក្លាយទៅជាអ្នកសិក្សាឯករាជ្យ។ អត្ថប្រយោជន៍ផ្សេងទៀតនៃវគ្គសិក្សានេះ គឺបង្កើតបណ្ដាញអ្នកស្រាវជ្រាវក្នុងវិស័យអប់រំជាមួយគ្នា ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យសម្រាប់មជ្ឈមណ្ឌល និងធ្វើការស្រាវជ្រាវដោយខ្លួនឯងផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម សូមមើលនៅលើគេហទំព័ររបស់មជ្ឍមណ្ឌល អំពីកម្មវិធីស្រាវជ្រាវថ្មីៗរបស់យើង និងកម្មវិធីសិក្សាលំអិត សម្រាប់មុខវិជ្ជាវិធីសាស្ត្រស្រាវជ្រាវ។
កែលម្អក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន តាមសាលារៀនសាធារណៈ
មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រកម្មវិធីសាលារៀនជំនាន់ថ្មី ដែលកំពុងតែខ្វះគ្រូដែលមានសមត្ថភាព។ មជ្ឈមណ្ឌលបានសង្កេតឃើញថាដើម្បីដោះស្រាយបញ្ហានេះ យុទ្ធសាស្រ្តស្នូលដ៏សំខាន់បំផុត គឺត្រូវតែបណ្ដុះបណ្ដាលគ្រូបង្រៀន។ បើទោះបីជា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី បណ្ដុះបណ្ដាលគ្រូប្រឹក្សាគរុកោសល្យសម្រាប់សាលារៀនសាធារណៈក៏ដោយ វានៅតែបន្ដគាំទ្រគោលនយោបាយ និងគោលការណ៍ណែនាំ ស្ដីពីក្រមសីលធម៌ សម្រាប់កម្មវិធីសាលារៀនជំនាន់ថ្មី ជាពិសេស ទាក់ទងទៅនឹងការការពារកុមារ និងការចំណាយលើការសិក្សាដោយខុសច្បាប់។
គ្រូប្រឹក្សាគរុកោសល្យ ដែលចេញពីមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នឹងចូលរួមចំណែកបង្កើតស្ដង់ដាសាលារៀនកម្រិតខ្ពស់ ដែលមិនមានអំពើពុករលួយ ការបង្ហាញនូវស្ដង់ដាអភិបាលកិច្ចកម្រិតខ្ពស់ និងលើកកម្ពស់ឧត្ដមានុវត្ដន៍ដែលនឹងរៀបចំយុវជនជំនាន់ក្រោយ ឱ្យធ្វើការប្រកបដោយប្រសិទ្ធភាពនៅសតវត្សរ៍ទី២១។
ការបង្កើតបណ្ដាញគ្រូប្រឹក្សាគរុកោសល្យ
គ្រូប្រឹក្សាគរុកោសល្យ ចេញពីមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នឹងជាអ្នករៀបចំសិក្ខាសាលាបំប៉នសមត្ថភាព និងបណ្ដុះបណ្ដាលដល់គ្រូបង្រៀន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។